ខេត្ត រតនគិរី៖ មានប្រភពព័ត៌មានជាច្រើន និង ច្បាស់លាស់បានអោយដឹងថា នៅក្នុងដែនព្រៃសហគមន៍ ស្ថិតក្នុងភូមិប៉ាដល នឹង ភូមិភិលើកំពុងរងនូវការកាប់បំផ្លាញ និង ដឹកជញ្ជូនចេញទៅវៀតណាមយ៉ាងរំភើយ ដោយមិនញញើតសមត្ថកិច្ច និង មន្ត្រីជំនាញទាល់តែសោះ ។
ប្រភពបានបញ្ជាក់អោយដឹងទៀតថា កម្មករដែលគេប្រើមកកាប់ទន្ទ្រានព្រៃសហគមន៍ ភាគច្រើនជាជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ មិនតែប៉ុណ្ណោះក្រុមឈ្មួញបានលួចនាំគ្រឿងចក្រចូលទៅក្នុងព្រៃនោះដោយខុសច្បាប់ជាច្រើនគ្រឿងទៀតផងដើម្បីកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃ យកទៅវៀតណាម ។គួរបញ្ជាក់ផងដែរ ថាកាលថ្មីៗចុងឆ្នាំ២០១៨ កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្តីបន្ទោសជាខ្លាំង ដល់អភិបាលខេត្តមណ្ឌលគិរី រតនគិរី និង ខេត្តស្ទឹ ងត្រែង ករណីរឿងព្រៃឈើ និង បានដាក់បទបញ្ជាអោយទប់ស្កាត់អោយបានរឿងជំនួញឈើខុសច្បាប់ដែលនាំចេញទៅប្រទេសក្រៅ។
ទោះជាមានបទបញ្ជាបែបនេះក្តីក៏ដោយ ក៏ឈ្មួញកាប់បំផ្លាញព្រៃឈើខុសច្បាប់ គឺលោក ស៊ី នឿន ដែលមានគេស្គាល់គ្រប់គ្នាថាមានតួនាទីជាមន្ត្រីយោធា ហើយក៏ជាអ្នកចេញមុខចេញមាត់ក្នុងការនាំគ្រឿងចក្រ និង កម្មករវៀតណាមឆ្លងដែនខុសច្បាប់ចូលមកក្នុងទឹកដីខេត្ត រតនគិរី ដើម្បីមកកាប់បំផ្លាញព្រៃសហគមន៍ក្នុងភូមិ ភិលើ និង ភូមិប៉ាដល ។
ប្រជាជនជាច្រើនដែលរស់នៅតំបន់នោះបានសំដែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះ សមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន តាំងពីថ្នាក់មូលដ្ឋាន រហូតថ្នាក់ខេត្ត មិនឃើញមានចំណាត់ការណាមួយចំពោះក្រុមទន្ទ្រានព្រៃសហគមន៍ នឹងបណ្តែតបណ្តោយអោយពួកគេនាំគ្រឿងចក្រចូលថែមទៀតផង។ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការសង្ស័យក្នុងចិត្តជាខ្លាំងថាចុះហេតុអ្វីបានជាក្រុមឈ្មួញខុសច្បាប់ទាំងនោះអាចធ្វើព្យុះភ្លៀងបានយ៉ាងដូច្នេះឬមួយអស់លោកមន្ត្រីទាំងនោះ ត្រូវថ្នាំសន្តំរបស់លោក ស៊ី នឿន ហើយទេដឹង ទើបនាំគ្នាធ្វើមិនដឹងមិនឮដូច្នេះ។
ក្រុមអ្នកឃ្លាំមើលព្រៃសហគមន៍បាននិយាយថា ព្រៃឈើសហគមន៍ក្នុង ភូមិ ប៉ាដល នឹង ភូមិ ភិលើ កំពុងតែរងការវិនាសហិនហោចដោយសារស្នាដៃលោក ស៊ីនឿនតែម្តង ។ប្រជាពលរដ្ឋរស់នៅតំបន់នោះ សូមអំពាវនាវដល់ លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និង លោក វេង សាខុន រដ្ឋមន្រ្តី កសិកម្មរុក្ខាប្រមាញ់ នឹង នេសាទ គួរតែមានវិធានការបែបណាទៅលើ ក្រុមឈ្មួញដែលកំពុងតែកាប់បំផ្លាញព្រៃឈើសហគមន៍យ៉ាងរង្គាលបែបនេះ បើមិនមានវិធានការទេនោះព្រៃឈើសហគមន៍ប៉ាដល នឹង ភូមិ ភិលើរលាយហិនហោចក្រោមកណ្តាប់ដៃលោក ស៊ី នឿន ដែលជាមេបំផ្លាញព្រៃឈើក្នុងតំបន់នោះជាក់ជាមិនខានឡើយនាអនាគតឆាប់ៗខាងមុខនេះ។អង្គភាពយើងកំពុងតែតាមដានយករូបភាព មេឈ្មួញមកដាក់ផ្សាយជូនបងប្អូនបានដឹងថា មេឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃសហគមន៍ឲ្យបានស្គាល់មុខ ។អង្គភាពរង់ចាំការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើ
បើសិនមានប្រតិកម្មណាមួយ ដោយស្របទៅតាមរបបស្តីសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖( សម្រស់យក្សឡោម.)( ព័ត៌មានបឋម ).