ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា អត្តលេខ ០៥៥៥៥ កាលពីថ្ងៃទី២៦ ខែធ្នូ ត្រូវ នាយករដ្ឋមន្រ្តី សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ទេរនិងសម្រួលភារកិច្ច ចេញពីតំណែង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋានវិញ ។
ការដែលផ្ទេរផ្ទូដក លោកផ្កាយ៣ ចេញពីកន្លែងខ្លឹម ទំនងជាជាប់ពាក់ព័ន្ធរឿងមិនប្រក្រតី ។ ក្រៅពីផ្ទេរ លោក សុខវិជ្ជា ចេញពីកន្លែងត្រូវប៉ាន់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៍បានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិនេះ ក៏ត្រូវបានដកតំណែងដែរ ក្រោយរងបណ្ដឹងគាបស៉ីលុយក្រុមហ៊ុនលក់ស្រា ចំនួន១០ម៉ឺនដុល្លារ ហើយលោកក៏ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កោះហៅឲ្យចូលទៅបំភ្លឺផងដែរ៕ដោយ:(នារីខ្មែរ)