នៅយប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០ នៅភោជនីដ្ឋានយីហោ “សំណាងអាណេ” មានទីតាំងស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានបទល្មើសព្រហ្មទណ្ឌមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ កែវ ចិត្រ្តា (ហៅចិត្ត) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអធិការងក្រុងបាវិត មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានផឹកស្រាស្រវឹង ហើយយកកាំភ្លើងខ្លីម៉ាក (NP-42) ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បាញ់ទៅលើជនរងគ្រោះឈ្មោះ សឿន ស្រីណេ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ភោជនីយដ្ឋាន សំណាងអាណេ មានទីលំនៅភូមិក្រាំងអាត ឃុំ កំពង់សិលា ស្រុក កំពង់សិលា ខេត្ត ព្រះសីហនុ ត្រូវចំក្បាលមួយគ្រាប់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៃប្រទេសវៀតណាម រីឯជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច ក៍បានចូលខ្លួនទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។សូមបញ្ជាក់ថា៖ស្ត្រីរងគ្រោះដោយសារគេបាញ់នៅយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩នេះ បានស្លាប់បាត់បង់ជីវិតហើយ នៅមន្ទីរពេទ្យចារីប្រទេសវៀតណាម នៅវេលាម៉ោង ១១ និង ១៥ នាទី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩នេះ ឥឡូវគ្រួសារសពកំពុងតែរង់ចាំទទួលយកសពទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ដោយ៖ ( រំដួលស្វាយរៀង).