សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយករដ្ឋមន្រ្តីកម្ពុជា កោតសរសើរកងកម្លាំងក្រោយបង្រ្កាបក្រុមឧក្រិដ្ឋជន និងមេខ្លោងគ្រឿងញៀន នៅខេត្តសៀមរាប!

នាយករដ្ឋមន្រ្តីកម្ពុជា កោតសរសើរកងកម្លាំងក្រោយបង្រ្កាបក្រុមឧក្រិដ្ឋជន និងមេខ្លោងគ្រឿងញៀន នៅខេត្តសៀមរាប!

ភ្នំពេញ : រហូតមកទល់ពេលនេះមេខ្លោងគ្រឿងញៀនជនជាតិចិន ដែលជាពិរុទ្ធជនជាប់ទោសជាង៥០ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួនបានហើយ គ្រាដែលបក្ខពួកដែលអ្នកទៅរំដោះនៅខេត្តសៀមរាប ចំនួន៧នាក់ ចាប់ខ្លួបានមុន ។ ជាមួយគ្នានោះនាយករដ្ឋមន្រ្តីកម្ពុជា ក៍បានកោតសរសើរកងកម្លាំងផងដែរ។

យោងតាមការបង្ហោះខ្លឹមសារនៅលើបណ្ដាញសង្គម នាយករដ្ឋមន្រ្តីកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ ថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប ។

បើតាមលោកនាយករដ្ឋមន្រ្តី ជាលទ្ធផល ទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀន ដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ នាថ្ងៃទី២៣ សីហា ២០២៣ នេះ ។«ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ » ។

សូមបញ្ជាក់ថា ឧក្រិដ្ឋជនចំនួន៧នាក់ សុទ្ធសឹងជាសញ្ជាតិអាមេរិកកាំង ដែលទៅប្លន់រំដោះអ្នកទោសដែលជាមេខ្លោងគ្រឿងញៀននៅសៀមរាប ត្រូវបានប៉ូលិសចាប់ខ្លួនបានជាបន្តបន្ទាប់ ។ នេះបើតាមការអះអាងពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងថា ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោស ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែ ។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បន្តថា នៅថ្ងៃកើតហេតុ ពោលនៅថ្ងៃទី១៧ ខែសីហា មានឧក្រិដ្ឋជន៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះអ្នកទោសដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ទៀតថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ទីតាំងដែលឧក្រិដ្ឋជនលាក់ខ្លួន និងឈានដល់ការចាប់ខ្លួនបានជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី១៨ ខែសីហា ចំនួន៧នាក់។

គួររម្លឹកថា ខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុងផងនោះ បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិកធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិកធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធតកាណុង បានភ្ជង់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូត ចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។

ក្រោយរំដោះ ក្រុមខ្មាន់កាំភ្លើងបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ស្លាកលេខ ភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយមក រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។

ពិរុទ្ធជនដែលជាមេក្លោងត្រូវបានរំដោះទៅនោះ ឈ្មោះ Chen hsin han (ជិន ស៊ិនហាន) អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀនជាង៥០ឆ្នាំ៕ដោយ÷(នារីខ្មែរ)

 

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment