តូក្យូ:ជា ក្រោយជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍នេះ ជប៉ុនបានបញ្ជាក់គោលបំណងថា គ្រោងបណ្ដាក់ទុនបន្ថែមទៀត នៅកម្ពុជាក្រោយរាជរដ្ឋាភិបាល បានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ។ក្នុងឱកាសទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ លោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation ចូលជួបសម្តែងការគួរសម គ្រាដែលជប៉ុន រៀបចំកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ។ លោក កូ យ៉ាហ្សាគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មក្នុងការផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ក្រុមហ៊ុន គិតចាប់តាំងពីឆ្នាំ ២០១១ មក ព្រមទាំងអំពីគម្រោងនៃការពង្រីកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ។
ទន្ទឹមនេះ លោក អនុប្រធានក្រុមហ៊ុន Yazaki Corporation ក៏បានថ្លែងនូវការកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ។ជំនួសការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយ លោក កូ យ៉ាហ្សាគិ និងព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន YazakiCorporation នាឱកាសនេះ ។ទន្ទឹមនឹងនេះ សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា លើការផលិតគ្រឿងបង្គុំអេឡិចត្រូនិកបម្រើឱ្យការនាំចេញ ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលនឹងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយទៅលើដំណើរការអាជីវកម្មដ៏ល្អប្រសើរ និងទំនុកចិត្តចំពោះប្រទេសកម្ពុជា ។
បន្ថែមលើសនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាវិស័យអាទិភាពនៅក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មី, ច្បាប់វិនិយោគថ្មី និងយន្តការថ្មី ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងភស្តុភារកម្ម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញ ចំពោះគម្រោងវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា សំដៅធានាបាននូវសមត្ថភាពលើការផលិតនូវផលិតផលសម្រេច ដែលមានតម្លៃបន្ថែមខ្ពស់បម្រើឱ្យការនាំចេញទៅក្រៅប្រទេស ៕