សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អភិបាលរាជធានីណែនាំជាថ្មីឲ្យលប់បំបាត់ល្បែងស៊ីសង ក្មេងទំនើង និងបញ្ហាជាច្រើន!

អភិបាលរាជធានីណែនាំជាថ្មីឲ្យលប់បំបាត់ល្បែងស៊ីសង ក្មេងទំនើង និងបញ្ហាជាច្រើន!

 

ភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានណែនាំជាថ្មីឲ្យអាជ្ញាធរគ្រប់ខណ្ឌ និងកងកម្លាំងត្រូវល់បបំបាត់ឲ្យអស់នូវបញ្ហាក្មេងទំនើង ល្បែងស៊ីសង ការយកភាស៊ីលើសសៀវភៅបន្ទុក និងត្រូវផ្ដល់សេវាឲ្យល្អសម្រាប់ពលរដ្ឋ។

លើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើងត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏ជារឿងសំខាន់ដែលអាជ្ញាធរ និងកម្លាំងត្រូវយកចិត្តទុកដាក់អនុវត្ត ពិសេសការទប់ស្កាត់មិនឲ្យមានការចោលសំរាម ចោលកំទេចសំណង់នានាចូលទៅក្នុងទន្លេផងដែរ។

ឯកឧត្ដម បានបន្តថា ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្តបង្ក្រាបឲ្យខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លើបញ្ហានេះខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះឲ្យទទួលបានជោគជ័យ។

ឯកឧត្ដម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំងដើម្បីឈានទៅលប់បំបាត់ឲ្យអស់។ ចំពោះអ្នកយកលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តនៅក្នុងរាជធានីភ្នំពេញគឺមិនត្រូវឲ្យមាន ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក។

ឯកឧត្ដមបានបន្ថែមទៀតថា មន្ទីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះឲ្យអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយអនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ ត្រូវដាំដើមឈើជាគម្របបៃតងឲ្យបានច្រើន ជាការទាក់ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាមួយនិងការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ។

ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ផងដែរពីការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញ ចូលតែមួយពិតជាទទួលបានការកោតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី ត្រូវបន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើឲ្យទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងក្នុងកិច្ចប្រជុំឲ្យដឹងថា នៅរាជធានីភ្នំពេញ កាលពីខែកន្លងទៅ នគរបាលគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន១២ក្រុម តែនៅក្នុងខែនេះ កម្លាំងគ្រប់គ្រងក្មេងទំនើងបានចំនួន១៧ក្រុម ដែលធ្វើឲ្យក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើតែលប់បំបាត់បាន១០០%ហើយ៕

Filed in: សង្គម

Leave a Reply

Submit Comment