ភ្នំពេញ: ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា–ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩កក្កដា ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនសំណង់សៀងហៃ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។
ការចុះពិនិត្យនេះក្នុងគោលបំណងដើម្បីមើលទីតាំងដាំបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ដែលកំពុងសាងសង់ដាំបង្គោល ដោយពន្លឿនការងារឱ្យបានទាន់ពេលវេលា រៀបចំសណ្តាប់ធ្នាប់នៅទីតាំងប្រារព្ធពិធីឱ្យបានរៀបរយ រៀបចំចរាចរណ៍ និងចាត់ចែងការបំពេញភារកិច្ចតាមផ្នែកនីមួយឱ្យបានល្អ ដើម្បីពិធីសម្ពោធនេះប្រព្រឹត្តទៅដោយជោគជ័យ៕