ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ថ្មីៗនេះ ក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្តថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ៕