ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin បានបញ្ជាក់ថា ការប្រសិទ្ធនាមឈ្មោះ មហាវិថី ស៊ី ជីនពីង បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមិនអាចបំបែកបានរវាងចិននិងកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា–ចិន ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តមមានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជានឹងបន្តបើកស្ថានការណ៍ថ្មី និងសម្រេចបានលទ្ធផលថ្មី។ «ជានិមិត្តរូបថាប្រជាជនចិន និងកម្ពុជា កាន់ដៃគ្នា យ៉ាងស្អិតរមួត បន្តឆ្ពោះទៅមុខ ជានិច្ច នូវមិត្តភាពប្រពៃណីដែលបង្កើតឡើងដោយអ្នកដឹកនាំជំនាន់មុនៗ។ ប្រទេសទាំងពីរនឹងជំរុញការប្តេជ្ញាចិត្ត និងកម្លាំងដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងចិន–កម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនជឿជាក់ថា រាជធានីភ្នំពេញនឹងបន្តបញ្ចេញនូវភាពរស់រវើក និងភាពរស់រវើកជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃឧបទ្វីបខាងត្បូង កណ្តាល និងក្នុងតំបន់អាស៊ីអាគ្នេយ៍»។