សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

 

សៀមរាប៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤បានរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារ Royal Angkor Resort នាក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ប្រមាណជាង៣០០នាក់។

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ឯកឧត្តម ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងឱ្យមានកិច្ចពិភាក្សាស៊ីជម្រៅ ដើម្បីប្រមូលធាតុចូលពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីនិយោជិត តំណាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យមធ្យោបាយធ្វើដំណើរប្រកបដោយបទដ្ឋានបច្ចេកទេសសុវត្ថិភាព ផាសុកភាព ដល់កម្មករនិយោជិតនៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាភាគីពាក់ព័ន្ធនឹងមានកិច្ចពិភាក្សាមួយយ៉ាងសុីជម្រៅ គ្រប់ជ្រុងជ្រោយផ្អែកលើតថភាពជាក់ស្តែង ដើម្បីជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការកែប្រែមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជាឱ្យមានភាពប្រសើរឡើងជាងមុន ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅធ្វើការ និងត្រលប់មកកន្លែងស្នាក់នៅវិញ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា និយោជកដែលកំពុងបើកអាជីវកម្មនៅប្រទេសកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានការគោរពសិទ្ធិដល់កម្មករនិយោជិតដែលមានចែងក្នុងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា រក្សាឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈល្អ សុវត្ថិភាពការងារ ធ្វើយ៉ាងណាសំដៅឱ្យមានសុខដុមនីយកម្មនៅក្នុងរោងចក្រ សហគ្រាស ដែលជាគោលនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមឆ្នាំ ២០២៤នេះ មានកម្មករនិយោជិតប្រមាណជិត ២៣ មុឺននាក់កំពុងធ្វើដំណើរតាមរថយន្តសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ និងត្រលប់មកពីធ្វើការវិញ ក្នុងនោះមានរថយន្តមួយចំនួនមិនទាន់មានកៅអីអង្គុយត្រឹមត្រូវនោះទេ ដែលកត្តាទាំងនេះអាចបង្កហានិភ័យគ្រោះថ្នាក់ដល់កម្មករនិយោជិតអំឡុងពេលធ្វើដំណើរ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ខឹម បូរិន ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម ខឹម បូរិន បានគូសបញ្ជាក់បន្ថែមថា ខេត្តដែលមានរថយន្តដឹកកម្មករនិយោជិតច្រើនជាងគេមានដូចជា ខេត្តកំពង់ស្ពឺមានជាង ៩០០គ្រឿង និងខេត្តបន្តបន្ទាប់ទៀតមានដូចជា ខេត្តកំពង់ឆ្នាំងខេត្តព្រៃវែង ជាដើម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលដៅបំបាត់ទាំងស្រុងនូវរថយន្តដែលគ្មានកៅអីអង្គុយត្រឹមត្រូវគ្មានបទដ្ឋានសុវត្ថិភាពនិងគ្មានផាសុកភាពនៅពេលខាងមុខដ៏ខ្លី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment