សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ នារីខ្មែរ ធីវី អនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់សិស្សនគរបាលជ័យលាភី ត្រូវថែទាំសុខភាពដើម្បីបំពេញការងារបានល្អ និងកុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់សិស្សនគរបាលជ័យលាភី ត្រូវថែទាំសុខភាពដើម្បីបំពេញការងារបានល្អ និងកុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល

 

កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុង ពិធីបិទវគ្គបណ្តុះ បណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ។ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើទៅកាន់សិស្សជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រូវទៅបំពេញភារកិច្ចតាមអង្គភាព ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមិនត្រូវបណ្តែត បណ្តោយ ខ្លួនឱ្យធាត់ជ្រុលហួស ធ្វើឱ្យប៉ះពាល់ដល់ការងារ និងអាចប្រឈមបញ្ហាសុខភាពនោះឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា សិស្សដែលទទួលជ័យលាភី គឺជាជំនាន់ចុងក្រោយដែលមានកម្រិតកម្ពស់ទាបជាង បើធៀបទៅនឹងការប្រកាសជ្រើសរើសថ្មី ដែលបានកំណត់ចំពោះបុរស ,៧០ម៉ែត្រ និងនារី ,៦៥ម៉ែត្រ ឡើងទៅ។ ចំពោះគោលការណ៍ណែនាំតម្រូវឱ្យថ្នាក់ដឹកនាំអង្គភាព រៀបចំនគរបាលធាត់ និងដុះក្បាលពោះខ្លាំង ឱ្យបំពេញការងារក្នុងការិយាល័យទាំងការងារចរាចរណ៍ និងការបង្រ្កាបនូវបទល្មើសផ្សេងៗ។ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា បានបញ្ជាក់ថា វិធានការនេះមិនមែនមានន័យថា ថ្នាក់ដឹកនាំបង្កើតបរិយាកាសដាក់សម្ពាធតទល់លើមន្រ្តីមានមាឌធាត់នោះទេ ប៉ុន្តែគឺជាការគិតគូរលើសុខភាព និងប្រសិទ្ធភាពការងារ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់សិស្សជ័យលាភីទាំងអស់ ត្រូវចងចាំការសច្ចាប្រណិធានក្នុងនាមជាអ្នកបំពេញការងារជានគរបាល ឱ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈនៃនគរបាលជាតិ ផ្តល់ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ក្រេបយកចំណេះជំនាញតាមរយៈការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងអង្គភាព ជាពិសេសគឺចាប់យកការងារឌីជីថល ដើម្បីស្របតាមការអភិវឌ្ឍនៃយុគសម័យថ្មី។

មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា បានប្រកាសផ្តល់ការគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដល់សាលានគរបាលជាតិ ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង និងផ្តល់សម្ភារៈមួយចំនួនទៀត ដើម្បីជំរុញដល់ការបណ្តុះបណ្តាលប្រកបដោយចីរភាព។ ក្នុងនោះផងដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាលខ្លីដើម្បីឱ្យថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងមួយចំនួន បានរម្លឹកពីលំហាត់របៀប និងការពង្រឹងកាយសម្បទាជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment