រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធី បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកម្មវិធីនេះប្រារព្ធឡើងនៅនៅវិទ្យាស្ថានជាតិអប់រំ។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងក្រសួងធម្មការ និងសាសនា មានការយាង និមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចសង្ឃនាយកទាំងពីរគណៈ សម្តេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភារាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត និងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាក្រសួង–ស្ថាប័ន រាជធានី ខេត្ត និងសាសនិកគ្រប់និកាយសាសនា ព្រមទាំងភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ។
សូមរំលឹកជូនផងដែរថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤នេះ បានប្រារព្ធឡើងរយៈពលេ ៣ថ្ងៃ ដោយពិធីបើកកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕